លោក តូច ប៊ុនហួរ៖ កសិករគួរពិចារណាការធ្វើពិពិធកម្មពីការដាំដំណាំដំឡូងមី មកដាំស្វាយចន្ទីវិញ ដែលមិនព្រួយបារម្ភពីការរកទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្កានុពលដ៏សំខាន់មួយ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូច្នេះប្រជាកសិករគួរពិចារណាការធ្វើពិពិធកម្មពីការដាំដំណាំដំឡូងមី មកដាំស្វាយចន្ទីវិញ ដែលមិនព្រួយបារម្ភពីការរកទីផ្សារ និងចៀសវាងពីហានីភ័យនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបននេះនៅក្នុងឱកាសដឹកនាំក្រុមការងារជំនាញ ពិនិត្យផលិតកម្មដំណាំស្វាយចន្ទី និងដំណាំដំឡូងមី និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែតុលា​ ឆ្នាំ២០២៥។

នាឱកាសជួបសំណេះសំណាលនោះ លោក តូច ប៊ុនហួរ បានលើកឡើងពីដំណាំស្វាយចន្ទីថាជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្កានុពលដ៏សំខាន់មួយ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូច្នេះប្រជាកសិករគួរពិចារណាការធ្វើពិពិធកម្មពីការដាំដំណាំដំឡូងមី មកដាំស្វាយចន្ទីវិញ ដែលមិនព្រួយបារម្ភពីការរកទីផ្សារ និងចៀសវាងពីហានីភ័យនានាជាដើម។

ជាមួយគ្នានោះ លោកក៏បានផ្តល់ការណែនាំដល់មន្រ្តីកសិកម្មឃុំទាំងអស់ ដែលមានតួនាទីសំខាន់ នៅក្នុងឃុំមូលដ្ឋានរបស់ខ្លួននីមួយៗ ស្វះស្វែងក្នុងការជួយសម្របសម្រួលរកទីផ្សារ ផ្តល់ព័ត៌មានជូនប្រជាកសិករ ដើម្បីជំរុញអភិវឌ្ឍន៍ផលិតកម្មដំណាំស្វាយចន្ទី ជាពិសេសជួយលើកកម្ពស់ដល់ប្រជាកសិករអ្នកដាំដុះ អ្នកកែច្នៃ ក្នុងការធានានូវនិរន្តរភាព នៃទីផ្សារស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក។

កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ១៧% នៃចំណែកផលិតកម្មពិភពលោក​ បន្ទាប់ពីកូតឌីវ័រ ប្រមាណ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤។ ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ខណៈការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ៕