លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ និងណែនាំពូជស្រូវរបស់ខ្មែរមួយចំនួនមានដូចជា សែនក្រអូប០១ ចំប៉ីស៧០ ស្រង៉ែថ្មីដែលមានទីផ្សារទិញសម្រាប់នាំចេញទៅក្រៅប្រទេស ដល់កសិករខេត្តក្រចេះ។

ក្នុងដំណើរដឹកនាំក្រុមការងារជំនាញ ជួបសំណេះសំណាល និងពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ និងភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក តូច ប៊ុនហួរ បានសម្តែងនូវការសោកស្តាយដែលទឹកជំនន់ជន់មកលឿនពេក បង្កជាផលប៉ះពាល់ដល់ដំណាំស្រូវកសិករ។
លោកបានលើកឡើងពីការពិចារណាផ្លាស់ប្តូររបៀបនៃការធ្វើស្រែតាមទម្លាប់ និងសូមឱ្យប្រជាកសិករតាមដានព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយមឱ្យបានជាប់លាប់ ដើម្បីត្រៀមការពារស្ថានភាពពាក់ព័ន្ធករណីទឹកឡើងរឺស្រក មានព្យុះរឺមានភ្លៀង ជាដើម។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ និងណែនាំពូជរបស់ខ្មែរមួយចំនួនមានដូចជា៖ សែនក្រអូប០១ ចំប៉ីស៧០ ស្រង៉ែថ្មីដែលមានទីផ្សារទិញសម្រាប់នាំចេញទៅក្រៅប្រទេស។ សម្រាប់ខេត្តក្រចេះជាករណីមួយដែលដាច់ដោយទ្បែក មានលក្ខណៈពិសេសដោយសារតែមានប្រភេទOMច្រើន ប៉ុន្តែនៅតែអាចលក់ចេញនៅក្នុងតម្លៃមួយដែលចំណេញតិចតួច ប៉ុន្តែគួរតែពិចារណាដូរពូជដាំដើម្បីទទួលបានផលចំណេញជាង។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានណែនាំមន្រ្តីកសិកម្មឃុំឱ្យប្រជាពលរដ្ឋបានស្គាល់ និងតួនាទីមន្រ្តីកសិកម្មឃុំ ដែលជាអ្នកសហការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចែករំលែកបទពិសោធ ចំណេះជំនាញពាក់ព័ន្ធទៅនឹងការប្រើប្រាស់ជី ថ្នាំកសិកម្ម ការប្រើប្រាស់ពូជជាដើម។
សូមបញ្ជាក់ដែរថា បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។ ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវមិនប្រកាន់រដូវដែលដែលត្រូវបានដាំដុះ ដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០។ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសវាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ចំណែកពូជស្រូវស្រងែថ្មី ជាពូជស្រូវ ដែលបានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឆ្នាំ២០២៤ ជាពូជស្រូវក្រអូបមិនប្រកាន់រដូវ មានអាយុកាលចន្លោះពី ៩០-៩៥ថ្ងៃ អាចទទួលបានទិន្នផលជាមធ្យម ៥,៥-៧ តោន/ហិកតា៕






