កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) បានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន ពិសេសផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៦ ។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។


តាមរយៈជំនួបពិភាក្សាខាងលើ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។
ទន្ទឹមគ្នានេះ ប្រមុខរដ្ឋទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៦ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សូមជម្រាបថា បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីរួចមក ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ ១. នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, ២. សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង ៣. វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍៕អត្ថបទ៖ហ្សាលីន



