អ្នករកស៊ីវិស័យដីធ្លីនៅក្នុងស្រុកភាគច្រើនកំពុងរងចាំវិនិយោគិនចិនមកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និង អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានសង្កេតឃើញថាអ្នកវិនិយោគលើវិស័យដីធ្លីនៅក្នុងស្រុកជាច្រើនបានកំពុងរងចំាមើលវិនិយោគិនចិនចូលមកកម្ពុជាឡើងវិញជាថ្មី ស្របពេលគោលនយោបាយរឹងបណ្តឹងជំងឺកូវីដ១៩ទៅលើពលរដ្ឋចិនត្រូវបានបន្ធូរបន្ថយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment មានប្រសាសន៍ថា«បើតាមខ្ញុំដឹងអ្នកដែលមានដីធ្លីច្រើននៅក្នុងស្រុកកំពុងរងចំាអ្នកវិនិយោគចិនចូលមកកម្ពុជា ព្រោះកាលពីរបីឆ្នំាមុនមិនទាន់ជួបវិបតិ្តជំងឺកូវីដ១៩ គឺមានតែវិនិយោគិនចិនទេដែលដើរតួនាទីសំខាន់ក្នុងការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។ការបន្ធូរបន្ថយលើការរឹងបណ្តឹងជំងឺកូវីដ១៩ទៅលើពលរដ្ឋរបស់ចិននេះ វាចំណុចឬជាសញ្ញាមួយបង្ហាញពីចំណុចវិជ្ជមានល្អមួយ ចូលរួមជួយទៅលើសេដ្ឋកិច្ចកម្ពុជាយើងក៏ដូចជួយទៅលើវិស័យសំណង់និងអចលនទ្រព្យកម្ពុជាផងដែរ»។

លោក វ់ា វីរៈ

បើតាមអ្នកជំនាញរូបនេះលើកឡើងថានៅពេលកន្លងមកវិស័យធនគារក្នុងស្រុកបានរឹតបណ្តឹងទៅលើអ្នកដែលខ្ចីប្រាក់យកទៅទិញអចលនទ្រព្យ ប៉ុន្តែបើសិនខ្ចីយកទៅពង្រឹងមុខរបរ ឱ្យមានការរីកចម្រើនតាមរយៈការរំពឹងទុកលើភ្ញៀវទេចរចិនចូលមកកម្ពុជាច្រើនធ្វើឱ្យមុខរបរចាប់ផ្តើមងើបឡើងជាសន្សឹមៗឆ្ពោះទៅមុខ គាត់អាចខ្ចីប្រាក់យកទៅទិញអ្វីៗបាន ធូរស្រាលជាងពេលមុនៗ។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថានៅឆ្នំា២០២៣នេះទោះបីវិស័យសំណង់និងអចលនទ្រព្យកម្ពុជានៅមានភាពស្រពិចស្រពិលតិចតួចយ៉ាងណាក្តី តែវាមានសញ្ញាល្អជាងឆ្នំា២០២២កន្លងមក។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាមានប្រសាសន៍ថា ការបើកចំហរលើការរឹតបណ្តឹងទៅលើពលរដ្ឋរបស់ចិន ខ្ញុំគិតថាវាជាសញ្ញាល្អមួយសម្រាប់ទីផ្សារអន្តរជាតិ ។គោលនយោបាយរបស់ចិនដែលបន្ធូរបន្ថយលើការរឹតបណ្តឹងជំងឺកូវីដ១៩ បិទនិងបើកកាលពីមុនមិនមានភាពច្បាស់លាស់នោះទេ។ពោលពេលស្ថានភាពធ្ងន់ធ្ងរគេអាចបិទវិញហើយនៅពេលស្ថានភាពធូរស្រាលគេអាចនឹងបើកវិញ។

លោក សន សៀប

លោក សន សៀប សង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំយល់ឃើញថាមកដល់បច្ចុប្បន្ននេះគឺចិនបានបើកប្រទេសបានទូលំទូលាយវិញហើយ ផ្អែកទៅលើការកត់ត្រាទៅលើអ្នកឆ្លងឬអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះគេលែងបង្ហាញទិន្នន័យជាសាធារណៈទៀតហើយ គេគិតថាវាជាជំងឺផ្លូវដង្ហើមអាចព្យាបាលជាសះស្បើយ។ខ្ញុំជឿថាវាផ្តល់ភាពអំណោយផលដ៏ល្អមួយសម្រាប់ទីផ្សារអចលនទ្រព្យរបស់យើង»។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថាក្នុងឆ្នំា២០២២នេះទិន្នន័យសំណង់ទូទំាងប្រទេសមានចំនួន ៣.៨២៧គម្រោងដែលមានផ្ទៃក្រឡាសរុបជាង៦លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២.៦៣៤លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១មានចំនួន៣.៩២៥គម្រោងនិងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៥.២១០លានដុល្លារអាមេរិក ពោលថយចុះ៤៩,៤២%។

របាយការណ៍ដដែលបញ្ជាក់ថា«សមត្ថកិច្ចក្រសួងទទួលបានការស្នើសុំ មានចំនួន២០២គម្រោងនិងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ២.០៨៧លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១មានទុនវិនិយោគប្រមាណ៤.១៥១លានដុល្លារអាមេរិក គឺថយចុះ៤៩,៧១%។ចំណែកសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្តមានចំនួន៣.៦២៥គម្រោង និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគ៥៤៧លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១មានទុនវិនិយោគប្រមាណ១.០៥៨លានដុល្លារអាមេរិកថយចុះ៤៨,៣២%»៕ អត្ថបទ៖ ឧកញ៉ា សារេត