រោងម៉ាស៊ីនស្រូវចំនួន ១១ នៅខេត្តបាត់ដំបង នឹងជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីដោះស្រាយតម្លៃស្រូវស្រង៉ែក្នុងរដូវកាលប្រមូលផលនេះ

សង្គម​ និង​សេដ្ឋកិច្ច

រោងម៉ាស៊ីនស្រូវចំនួន១១ ក្នុងខេត្តបាត់ដំបង បានឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករក្នុងតម្លៃសមរម្យដែលអាចទទួលយកបានទាំងប្រជាកសិករ ទាំងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈកិច្ចប្រជុំបន្ទាន់ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរោងម៉ាស៊ីនដៃគូធំៗចំនួន១១ នៅក្នុងខេត្តបាត់ដំបង  និងរដ្ឋបាលខេត្ត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី ឌិត ទីណា បានឱ្យដឹងថា ការជួបជាមួយរោងម៉ាស៊ីនស្រូវចំនួន ១១ នៅខេត្តបាត់ដំបង  គឺដើម្បីស្វែងរកដំណោះស្រាយតម្លៃស្រូវស្រង៉ែជូនពុកម៉ែបងប្អូនប្រជាកសិករ។

លោកបន្តថា ក្រសួងបានឯកភាពសហការជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលតម្លៃសមរម្យដែលអាចទទួលយកបានទាំងប្រជាកសិករ ទាំងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងផងដែរថា  ការដឹកនាំកិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្រ្តីក្រសួងកសិកម្មជាមួយរោងម៉ាស៊ីនដៃគូធំៗចំនួន១១ នៅក្នុងខេត្តបាត់ដំបង និងរដ្ឋបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ សម្រាប់ថ្លៃស្រូវស្រង៉ែក្នុងរដូវកាលប្រមូលផលនេះ។

លោកបន្ថែមថា ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នាថារោងម៉ាស៊ីនទាំងនោះនឹងចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យមួយ ដែលអាចទទួលយកបានទាំងសម្រាប់កសិករនិងរោងម៉ាស៊ីន។

គួរបញ្ជាក់ដែរថា មួយរយៈកាលចុងក្រោយនេះ ថ្លៃអង្ករសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកពី៤៥០ដុល្លារ ក្នុងមួយតោន មកត្រឹមរង្វង់៣៨០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ ចាប់បង្ខំឱ្យរោងម៉ាស៊ីនភាគច្រើនកាត់បន្ថយការទិញចូលស្រូវកិនក្នុងតម្លៃខ្ពស់ ដើម្បីជៀសវាងការខាតបង់ ដែលបានដាក់សម្ពាធបន្តទៅលើការប្រមូលទិញស្រូវសើមនៅតាមទីវាលផងដែរ។នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោក ឃឹម ហ្វីណង់៕