ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បាននិងកំពុងចាប់ផ្ដើមកិច្ចប្រជុំ លើរបៀបវារៈចំនួន៣ នៅច្រកអន្តរជាតិអូរស្មាច់

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បាននិងកំពុងចាប់ផ្ដើមកិច្ចប្រជុំហើយ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លើរបៀបវារៈចំនួន៣ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី គឺ៖ ១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ។ ២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង។ ៣. ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការប្តេជ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕