នាព្រឹកសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន LFB Trading របស់ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ក្រុមហ៊ុន VISSAN និងក្រុមហ៊ុន AK Food ដែលជាក្រុមហ៊ុនមកពីប្រទេសវៀតណាម នៅក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ពិធីខាងលើនេះ មានការចូលរួមពី លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា, អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម, ឯកឧត្តមឧត្តមសេនីយ៍ទោ Nguyen Van Nam,ប្រធានសមាគមមិត្តភាពទីក្រុងហូជីមិញ, និងឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និង ក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និង ក្រុមហ៊ុន AK FOOD ដែលជាក្រុមហ៊ុនផលិតចំណីរអាហារ របស់ប្រទេសរៀតណាមនេះ ធ្វើឡើងក្នុងបំណង ផ្លាស់ប្តូរទំនិញ ទៅវិញទៅមក និងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសទាំងពីរ តាមតម្រូវការជាក់ស្តែង ព្រមទាំងបានឯកភាពគ្នាក្នុងការផ្លាស់បទពិសោធន៍បច្ចេកទេសលើការផលិត ការវេចខ្ចប់ និងផ្លាស់ប្តូរបទពិសោធន៍ទីផ្សារ នាពេលខាងមុខ។
សូមជម្រាបផងដែរថាការ ការចុះអនុស្សារណៈនៃការយោគយល់គ្នានានៃក្រុមហ៊ុនប្រទេសកម្ពុជា និងក្រុមហ៊ុនប្រទេសវៀតណាមនាពេលនេះ គឺធ្វើឡើងស្របតាមការ អនុស្សារណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា ក្នុងពេលដែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់មកកាន់ទីក្រុងហូជីម៊ិញ ប្រទេសវៀតណាម ដើម្បីចូលរួម សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួម ពីធុរជន និងវិនិយោគិនយ៉ាងច្រើននៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០២៥៕








