មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បង្ហាញពីឱកាសវិនិយោគលើវិស័យកសិកម្មដល់វិនិយោគិនចិន

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥ លោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោក បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Zhang Min សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សកុម្មុយនីសចិន និងជាអភិបាលរងខេត្ត ហឺណាន។ លោកបានលើកឡើងអំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគលើវិស័យនេះ សម្រាប់ខេត្ត ហឺណានក្នុងការនាំយកបច្ចេកវិទ្យា វិនិយោគិន និងពាណិជ្ជករ ដើម្បីពង្រីកកិច្ចសហការលើការជួយអភិវឌ្ឃន៍ និង វិនិយោគលើវិស័យកសិកម្ម សំដៅពង្រីកទីផ្សារនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

សូមជម្រាបថា សន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ រៀបចំឡើងដោយខេត្តហឺណាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងគោលបំណងជំរុញការអនុវត្តសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ កំពូលអាស៊ាន និងចិន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្មតាមបែប ឌីជីថល រវាងអាស៊ាន និងចិន។

ក្នុងឱកាសថ្លែងសន្ទរកថា លោក ហុង ណារិត ក៏បានរំលេចអំពីក្របខ័ណ្ឌ សហប្រតិបត្តិការរវាងអាស៊ាន និងចិន ដែលផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋាននៃចក្ខុវិស័យរួម ដើម្បី អភិវឌ្ឍន៍កសិកម្មប្រកបដោយបរិវត្តកម្មឌីជីថល និងភាពឆ្លាតវៃ និងក្របខ័ណ្ឌដៃគូរវាងកម្ពុជា និងចិន ដែលផ្អែកលើការ ប្ដេជ្ញារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការបើកផ្លូវឲ្យវិនិយោគិន ពាណិជ្ជករ និងសហគ្រិនចិន ជាពិសេស ពីខេត្តហឺណាន ធ្វើកិច្ចសហការ និងវិនិយោគនៅកម្ពុជាលើកសិកម្មឆ្លាតវៃ, ការកែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចូលកសិផល៕