អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទូកផ្នែកសិទ្ធិមនុស្ស លោកស្រី Mary Lawlor ទើបតែបានបង្ហោះសារមួយនៅលើបណ្តាញសង្គម Facebook របស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ដែលទទួលរងការវាយប្រហារដោយពាក្យសម្តី និងថែមទាំងគំរាមធ្វើឃាតផងដែរ បន្ទាប់ពីលោកស្រីបានរិះគន់លើការប្រើសម្លេងខ្មោចខ្លាំងៗរំខានលើប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនពីសំណាក់អ្នកមានឥទ្ធិពលលើបណ្តាញសង្គមថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គមនោះ លោកស្រី Lawlor បានសរសេរថា៖”មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការគំរាមសម្លាប់ និងវាយប្រហារតាមអ៊ីនធើណិត ប្រឆាំងទៅនឹងលោកស្រី Angkhana Neelapaijit ដែលជាព្រឹទ្ធសមាជិក អតីតស្នងការ NHRC និងជាស្ត្រីការពារសិទ្ធិមនុស្សនៅប្រទេសថៃ”។
លោកស្រីបន្តទៀតថា ៖” ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ទាក់ទងទៅនឹងការគំរាមកំហែងសម្លាប់ និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkhana ហើយការពារស្ត្រី និងសិទ្ធិមនុស្សគឺមិនមែនជាឧក្រិដ្ឋកម្មនោះទេ លោកស្ត្រីគួរតែត្រូវបានការពារ មិនគួរត្រូវបានគេប្រមាថបែបនេះឡើយ”។
ជម្រាបជូនផងដែរថា កន្លងមកលោកស្រី Angkhana បានបង្ហាញមតិរបស់ខ្លួនជុំវិញបញ្ហានៅតាមព្រំដែនកម្ពុជាថា ៖”មុនពេលអ្វីៗកាន់តែតានតឹងឡើង ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលលោក Anutin បញ្ឈប់ការចាក់សម្លេងខ្មោចដែលរៀបចំឡើងដោយអ្នកជាតិនិយមជ្រុលថៃ មុនពេលដែលកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃត្រូវបានបំផ្លាញលើឆាកអន្តរជាតិ ដោយសារសង្គមមួយដែលពោរពេញដោយអ្នកនិយមជ្រុលនិយមហួសហេតុពេក”៕

