ក្រុមហ៊ុនខ្នាតយក្ស GM ខាតបង់អស់ ១,៦ពាន់លានដុល្លារ ដោយសារបន្ថយការវិនិយោគលើរថយន្ត EV

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក GM ថ្មីៗនេះ បានប្រកាសពីការខាតបង់រហូតដល់ ១,៦ពាន់លានដុល្លារ ដោយសារតែការការកាត់បន្ថយសមត្ថភាពផលិត ក៏ដូចជាការលុបចោលម៉ូដែលរថយន្តអគ្គិសនី និងការបន្ថយការវិនិយោគ នៅក្នុងវិស័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរបាយការណ៍នេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន General Motors កាលពីថ្ងៃទី១៤ ខែតុលា ដោយចំនួនទឹកប្រាក់ខាតបង់ខាងលើត្រូវបានគណនាពីការធ្លាក់ចុះនៃទ្រព្យសកម្មមិនមែនសាច់ប្រាក់ ចំនួន ១,២ពាន់លានដុល្លារ ដោយសារតែការថយចុះនៃសមត្ថភាពផលិតរថយន្ត EV និងទឹកប្រាក់ ៤០០លានដុល្លារផ្សេងទៀត ក្នុងថ្លៃលុបចោលកិច្ចសន្យា និងការទូទាត់ពាណិជ្ជកម្ម។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ក្រុមហ៊ុន GM កំពុងទទួលរងនូវការខាតបង់សរុប ១,៦ពាន់លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលឥណទានពន្ធរហូតដល់ ៧ ៥០០ដុល្លារ សម្រាប់រថយន្ត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ម៉ូដែលរថយន្តអគ្គិសនីដែលមានស្រាប់ដូចជា Chevrolet, GMC និង Cadillac នោះទេ ប៉ុន្តែពួកគេបានព្រមានថា ការត្រួតពិនិត្យដែលកំពុងដំណើរការលើសមត្ថភាពផលិតអាចបង្កើនការគិតថ្លៃលើប្រភេទរថយន្តទាំងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន GM គឺជាក្រុមហ៊ុនដំបូងគេបំផុតមួយដែលបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែវាមិនបានជោគជ័យឡើយ។ កាលពី​ ៤ឆ្នាំមុន ក្រុមហ៊ុននេះ គ្រោងនឹងវិនិយោគ ៣០ពាន់លានដុល្លារលើរថយន្តនៅឆ្នាំ២០២៥ រួមទាំងការដាក់ចេញនូវម៉ូដែលថ្មីៗជាច្រើន និងការបង្កើនសមត្ថភាពផលិតថ្ម ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ត្រូវបានធ្លាក់ចុះដោយសារតម្រូវការទាបជាងការរំពឹងទុក និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី៕​