យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានឲ្យដឹងថា ប្រសិនបើច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងខាតបង់ជាង ៦០ពាន់លានបាត (១,៨៤ពាន់លានដុល្លារ) នៅក្នុងពាណិជ្ជកម្មតាមព្រំដែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជុំវិញបញ្ហានេះ នាយករដ្ឋានដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានកំណើនត្រឹមតែ ១-២% ប៉ុណ្ណោះ ដោយសារតែភាពតានតឹងជាមួយកម្ពុជា កាន់តែកើនឡើង។
លោកស្រី Arada Fuangtong អគ្គនាយក DFT បាននិយាយថា ប្រសិនបើព្រំដែននៅតែបិទ ចាប់ពីខែមិថុនា ដល់ខែធ្នូឆ្នាំនេះ ការខាងបត់ចំណូលពីការនាំចេញអាចកើនឡើងលើសពី ៦០ពាន់លានបាត។ តួលេខនេះ គឺផ្នែកទៅលើតម្លៃពាណិជ្ជកម្មតាមព្រំដែនសរុប កាលពីឆ្នាំមុន ដែលមានចំនួនដល់ទៅ ១៧៥ពបាន់លានបាត រវាងប្រទេសទាំងពីរ ដោយក្នុងនោះ ការនាំចេញ មានចំនួន ១៤២ពាន់លានបាត ជាមធ្យមពាណិជ្ជកម្មមានតម្លៃ ១១,៩ពាន់លានបាត ក្នុងមួយខែ។
មិនតែប៉ុណ្ណោះ លោកស្រី Arada បានសង្កត់ធ្ងន់ទៀតថា ការបិទព្រំដែនបណ្តោះអាសន្ននាពេលបច្ចុប្បន្ននេះ អាចនឹងប៉ះពាល់ដល់គោលដៅពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះផងដែរ។ គោលដៅកំណើនពីមុន ត្រូវបានព្យាករថាស្ថិតនៅកម្រិត ៣% ជាមួយនឹងទំហំពាណិជ្ជកម្មដែលមានតម្លៃសរុប ១,៨៧ទ្រីលានបាត។
តែទោះជាយ៉ាងណា ដោយសារការបិទនេះ កំណើនពាណិជ្ជកម្មតាមព្រំដែនឥឡូវនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងនៅត្រឹមតែ ១% ទៅ ២% ប៉ុណ្ណោះ ពីចំនួនសរុប កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពី DFT។
ជម្រាបជូនផងដែរថា យោធាថៃ បានសម្រេចប្រកាសដោយឯកតោភាគីលើកដាក់កម្រិតម៉ោងបិទ-បើកច្រកព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែន ក្នុងតំបន់មុំបី កាលពីថ្ងៃទី៧ ខែមិថុនា។ ហើយដើម្បីជាការឆ្លើយតបវិញ រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទរាល់ការនាំចូលទំនិញពីប្រទេសថៃទាំងស្រុង ដោយក្នុងនោះរួមមានទាំងការកាត់ផ្តាច់ការនាំចូលប្រេងឥន្ទន: អគ្គិសនី និងអ៊ីនធឺណិត ជាដើម៕