នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោក ជា សុខឡេង អនុប្រធាន និងជាប្រធានគណ:កម្មការទទួលបន្ទុកផ្នែកឧស្សាហកម្ម និងសិប្បកម្ម តំណាងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំសមាជិក សមាជិកា សរុបចំនួន៤៣រូប ធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្ម ទៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។

សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ដំណេីរទស្សនកិច្ចពាណិជ្ជកម្មនេះ មានរយ:ពេល៥យប់ ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដែលជាទីកន្លែងតាំងពិព័រណ៍ដ៏ធំរបស់ប្រទេសចិន សម្រាប់ម្ចាស់អាជីវកម្មក្នុងវិស័យ៖ ឧស្សាហកម្ម និងម៉ាស៊ីនសង្វាក់ផលិតកម្ម, គ្រឿងបន្លាស់រថយន្ត កង់ ម៉ូតូ ឡាន, គ្រឿងកសិកម្ម និងសំណង់, គ្រឿងបង្គុំអគ្គិសនី និងបច្ចេកវិទ្យាថ្មីៗ, ផ្សារបោះដុំ ខោអាវ កាបូប នាឡិកា គ្រឿងអេឡិចត្រូនិច និងគ្រឿងសម្អាង។
សូមជម្រាបថា គោលបំណងនៃដំណេីរទស្សនកិច្ចពាណិជ្ជកម្មនេះ គឺដេីម្បីពង្រឹង និងពង្រីក ទៅលេីខ្សែសង្វាក់ផលិតកម្ម របស់វិស័យ SME ដែលកំពុងមានសក្ដានុពល ក៏ដូចជាបង្កេីតឱកាសពាណិជ្ជកម្ម រវាងពាណិជ្ជករក្នុងស្រុកជាមួយប្រភពរោងចក្រពីប្រទេសចិនដោយផ្ទាល់៕




