ក្រសួងកសិកម្ម គ្រោងចុះMOUជាមួយអាជ្ញាធរមីន កំណត់ទីតាំងដីកសិកម្ម ដែលត្រូវធ្វើការបោសសម្អាតមីន

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរមីន ដើម្បីធ្វើការបន្ថែមក្នុងការកំណត់ទីតាំងដីកសិកម្ម ដែលត្រូវធ្វើការបោសសម្អាត និងត្រូវលុបបំបាត់ការភ័យខ្លាចរបស់កសិករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យមីន (TWG-MA ក្រោមប្រធានបទ “កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅ កម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងមានបំណងប្រែក្លាយដីមីនទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម ជាវាលបៃតងស្រស់ និងដីមានជីរជាតិសម្រាប់វិស័យកសិកម្ម។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី បានគាំទ្រយ៉ាងពេញទំហឹងចំពោះ សារៈសំខាន់នៃវិស័យមីននៅកម្ពុជា ក្នុងការផ្សារភ្ជាប់ទៅនឹងវិស័យកសិកម្ម និងធានាបាននូវសន្តិសុខស្បៀង។ លោកក៏បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត បន្តគាំទ្រដល់ កម្ពុជាឆ្ពោះទៅកាន់ប្រទេសគ្មានមីន និងការធ្វើកសិកម្មដោយគ្មានការភ័យខ្លាច។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលសម្រេចបាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការដោះស្រាយមីន ហើយសន្យាបន្តគាំទ្រកម្ពុជា ដើម្បីឱ្យអនាគតកម្ពុជាជាប្រទេសគ្មានមីន និងគ្មានជនរងគ្រោះដោយសារមីន ព្រមទាំងចាត់ទុក វិស័យសកម្មភាពមីន គឺជាជំហានដំបូង ដើម្បីឈានទៅការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបជូនថា គិតចាប់តាំងពីឆ្នាំ២០១៨ ផ្ទៃដីកម្ពុជាប្រមាណ៦៥ភាគរយត្រូវបានរំដោះមីន និងបានប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ ចំនួននេះ សម្រាប់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើកសិកម្ម បានចាត់ទុកដីគឺជាទ្រព្យសកម្ម និងបានចាត់ទុកគ្រាប់មីនជាការគំរាមកំហែងខ្លាំងបំផុត៕