ជម្លោះព្រំដែនកម្ពុជា-ថៃ! កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងលើកិច្ចការងារផ្នែកការទូតជាច្រើន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា កម្ពុជាបានដំណើរការខិតខំប្រឹងប្រែងការទូតតាមវិធីជាច្រើនក្នុងកម្រិតតំបន់ កម្រិតទ្វេភាគីនិងកម្រិតអន្តរជាតិ ជាមួយនឹងការវិធានការនានាដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌សំដៅសម្រេចឲ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជាថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ការព្យាយាមដោះស្រាយជម្លោះព្រំដែនតាមរយៈផ្លូវការទូតនេះ គឺការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការកាត់បន្ថយភាពតានតឹង ការដោះស្រាយជម្លោះដោយសន្តិវិធី ការការពារប្រជាជនស៊ីវិល និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ក្នុងនោះ កម្ពុជាបាន៖

១- កម្ពុជាបានស្វែងរកជាប់ជាប្រចាំតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដោយចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) គណៈកម្មការព្រំដែនភូមិភាគនិងគណៈកម្មការចម្រុះខណ្ឌសីមានិងព្រំដែនគោក ក្នុងក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ហើយកម្ពុជាក៏បានធ្វើការតវ៉ាជាផ្លូវការជាមួយនឹងរដ្ឋាភិបាលថៃប្រឆាំងនឹងសកម្មភាពយោធាថៃជាឯកតោភាគី រួមទាំងការទន្ទ្រានចូលទឹកដីកម្ពុជាការដាក់រាយបន្លាលួស របាំងរាំងផ្លូវ ការគំរាមកំហែង និងបណ្ដេញប្រជាជនស៊ីវិលដោយប្រើកម្លាំងយោធា។

២- កម្ពុជាបានចូលរួមយ៉ាងសកម្មនិងដោយសុទ្ធចិត្តនៅក្នុងការចរចាសន្តិភាពដែលសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងចូលរួមគាំទ្រដ៏ខ្លាំងក្លារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រទេសចិននៅពូត្រាចាយ៉ា ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានជាលទ្ធផលគឺភាគីកម្ពុជា-ថៃបានឯកភាពគ្នាឲ្យមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជា បានសហការសម្របសម្រួលបញ្ជូនក្រុមន្ត្រីការពារប្រទេសរបស់អាស៊ាន ដែលបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមព្រំដែនខាងភាគីកម្ពុជា

៣- កម្ពុជាបានចូលរួមសកម្មក្នុងក្របខណ្ឌអន្តរជាតិ និងពហុភាគី ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របទៅតាមច្បាប់អន្តរជាតិ តាមសំណើរបស់កម្ពុជាក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ ក្នុងរយៈពេលមិនដល់២៤ម៉ោងបន្ទាប់ពីការផ្ទុះនូវការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ពីថៃបានធ្វើការវាយប្រហារមកលើកម្ពុជា ភ្លាមៗនោះ កម្ពុជាក៏បានជូនព័ត៌មានជាបន្តបន្ទាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍសភាពការណ៍នៅតាមបណ្ដោយព្រំដែន ដោយបានគូសបញ្ជាក់អំពីការបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ រួមទាំងការគំរាមកំហែងប្រើកម្លាំង និងសកម្មភាពដែលជាគ្រោះថ្នាក់ចំពោះពលរដ្ឋស៊ីវិល។ ក្រៅពីវេទិកាអង្គការសហប្រជាជាតិ កម្ពុជាក៏បានប្រើប្រាស់វេទិកាអន្តរជាតិផ្សេងៗទៀត ដូចជាអនុសញ្ញាអូតាវ៉ាប្រឆាំងនឹងមីន និងបណ្ដាដៃគូជាមួយនឹងអង្គការមនុស្សធម៌អន្តរជាតិ និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនានា ដើម្បីប្រមែប្រមូលការគាំទ្រសម្រាប់ការដោះមីន ការការពារប្រជាជនស៊ីវិល និងការផ្តល់ជំនួយ។ 

៤- វិធានការអង្គការមនុស្សធម៌ និងតម្លាភាព កម្ពុជាបានផ្តល់ព័ត៌មានដល់អង្គទូតអង្គការអន្តរជាតិនិងបណ្ដាដៃគូដែលធ្វើសកម្មភាពលើការងារមនុស្សធម៌ អំពីការវិវឌ្ឍនៃសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលដៅធានានូវតម្លាភាព ដោយឆ្លុះបញ្ចាំងឲ្យឃើញអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃដែលកើតចេញអំពីជម្លោះដែលបង្កឡើងដោយយោធាថៃ។ ទន្ទឹមនោះផងដែរ ក៏មានដំណើរទស្សនកិច្ចចុះពិនិត្យជាក់ស្ដែងនៅតាមព្រំដែនដែលរងផលប៉ះពាល់ សម្រាប់ប្រធានប្រមុខបេសកកម្មការទូតបរទេស ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងផ្សេង រួមទាំងដំណើរចុះពិនិត្យថ្មីៗ របស់ស្ថានទូតទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការNGO មនុស្សធម៌ចំនួន៦០នាក់ ដើម្បីបង្ហាញឲ្យសហគមន៍អន្តរជាតិបានមើលឃើញផ្ទាល់ភ្នែកនូវលំហូរជនភៀសសឹក និងការខូចខាតដែលបង្កឡើងដោយគ្រាប់មីននិងភាពអត់ធន់របស់សហគមន៍មូលដ្ឋាន៕