នេះជាលើកទី៦ ហើយក្នុងរយៈពេលមួយទសវត្សចុងក្រោយ ដែល Cristiano Ronaldo បន្តឈរនៅលើកំពូលតារាងរបស់ទស្សនាវដ្តី Forbes ក្នុងនាមជាកីឡាករបាល់ទាត់មានដាច់គេនៅលើពិភពលោក។

ជាមួយនឹងប្រាក់ចំណូលទាំងក្នុង និងក្រៅទីលានសរុបប្រមាណ ២៨០លានដុល្លារក្នុងមួយឆ្នាំ តារាឆ្នើមរបស់ក្រុម Al Nassr កីឡាករ Ronaldo ត្រូវបានគេរាយការណ៍ថាអាចរកបានច្រើនជាងពីរដង លើគូប្រជែងស្វិតស្វាញ គឺកីឡាករ Lionel Messi ជាមួយចំណូលប៉ាន់ស្មានសរុប្រមាណ ១៣០លានដុល្លារ។
យ៉ាងណាមិញ ចំពោះចំណាត់ថ្នាក់លេខ៣ វិញបានទៅលើអតីតម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Karim Benzema ដែលអាចរកប្រាក់ចំណូលបាន ១០៤លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែរូបគេមានកុងត្រាដ៏ធំបំផុត ជាមួយក្លិប Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ជម្រាបជូនផងដែរថា ចំពោះចំណាត់ថ្នាក់កំពូលរបស់ Ronaldo ដែលត្រូវបានប្រកាសដោយ Forbes នេះ គឺបានកើតឡើតត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ត្រូវបាន Bloomberg ប្រកាសជាកីឡាករបាល់ទាត់ដំបូងគេបង្អស់ ដែលទទួលបានងារជាមហាសេដ្ឋីលុយពាន់លានដុល្លារ៕

