មហាសេដ្ឋីចិន-អាមេរិក លោក Duan Yongping ដែលត្រូវបានគេដាក់រហស្សនាមថាជា «Warren Buffett របស់ចិន» បានបង្កើនភាគហ៊ុនរបស់លោកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន Pop Mart ជាលើកទីបី ដែលបង្ហាញពីការដាក់ក្តីរំពឹងទុកកាន់តែខ្លាំងលើក្រុមហ៊ុនដែលផលិតតុក្កតា Labubu ដ៏ល្បីល្បាញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post បានបង្ហាញថា លោក Duan បានបង្កើនភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Pop Mart ដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង នៅថ្ងៃទី៦ ខែកក្កដា តាមរយៈក្រុមហ៊ុន H&H International Investment របស់លោកផ្ទាល់។
បើតាមឯកសារដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុន Hong Kong Exchanges and Clearing បានបង្ហាញថាភាគហ៊ុនរបស់លោក Duan នៅក្នុងក្រុមហ៊ុន Pop Mart ឥឡូវនេះបានកើនឡើងពី ៦,៨៥% ដល់ ៧,៦៥% ពោលគឺស្មើទៅនឹងប្រមាណ ១០២ លានហ៊ុន។
គួរជម្រាបជូនថា លោក Duan ត្រូវបានគេស្គាល់ជាអ្នកវិនិយោគរយៈពេលវែង និងជាស្ថាបនិកក្រុមហ៊ុនអេឡិចត្រូនិចប្រើប្រាស់ខ្នាតយក្ស BBK Electronics ដែលមានដៃគូជាមួយម៉ាកល្បីៗដូចជា Oppo និង Vivo។ លោកក៏ជាអ្នកវិនិយោគ នៅក្នុងក្រុមហ៊ុនធំៗមួយចំនួនរួមមាន NetEase, Apple, Tencent, Kweichow Moutai និង PDD ផងដែរ៕

