CDC ស្នើចិនបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារចិន

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  បានស្នើឱ្យចិនមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ដឹកនាំដោយលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

លោក ជា វុទ្ធី បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤និងកំណើនវិនិយោគក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាមួយគ្នានោះ លោកអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគ។   លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

ជាការឆ្លើយតប លោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកក៏បានបង្ហាញការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិនផងដែរ៕