សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣០ ខែឧសភានេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដើម្បីរំលឹកពីខួប ២៧ឆ្នាំ ថ្ងៃដែលសម្តេចបានបញ្ចប់ការសិក្សាជាស្ថាពរពីសាលាបណ្ឌិតសភាយោធាដ៏ល្បីល្បាញ West Point របស់សហរដ្ឋអាមេរិក (២៩ ឧសភា ១៩៩៩ – ២៩ ឧសភា ២០២៦)។

នៅក្នុងសារបង្ហោះនោះ សម្តេចធិបតី បានបញ្ជាក់ថា មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា ខ្ញុំបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ ដែលខ្ញុំមិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំអោយវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ ខ្ញុំសូមបញ្ជាក់បន្តិចដើម្បីបបញ្ចប់ការយល់ខុសនេះតទៅទៀត។ ជាចម្លើយខ្លី គឺខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត៖
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅឱ្យបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
ក្នុងន័យនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យកម្ពុជាមិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ។


