សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងប្រើប្រាស់ក្នុងគោលដៅសំខាន់ៗចំនួន២។

នេះបើយោងតាមប្រសាសន៍របស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ សម្តេចបន្តថា ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរ៖ ទី១រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ។
ឆ្លៀតឱកាសនោះ ដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ (វិស័យភស្តុភារកម្ម)។ ដូច្នេះសម្ដេចជំរុញឱ្យផ្នែកគយត្រូវខិតខំជំរុញផ្នែក វិស័យភស្តុភារកម្មនេះ លើការផ្ដល់សេវាកម្ម និងទំនើបកម្មវិវត្តខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ហ្សាលីន


