លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនអាកាសយានដ្ឋានអន្ដជាតិតេជោ (TIA) គ្រោងចំណាយទឹកប្រាក់ ១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្ដជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលានេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងដូច្នេះថា៖ «យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគ សរុបចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ TIA ទៅភ្ជាប់ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង»។
លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ ដើម្បីឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក តែម្តង។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ តាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក៕





