នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយនៅថ្ងៃទី២០ ខែតុលាថា រដ្ឋាភិបាលនឹងកំណត់គោលដៅសម្រាប់កំណើន GDP ដល់ទៅ ១០% នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដោយអះអាងថាប្រទេសរបស់ខ្លួនបានបង្ហាញពីភាពធន់ បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ នេះ ត្រូវបានប៉ាន់ប្រមាណថានឹងមាន ៨% លោក Chinh បានប្រាប់ទៅក្នុងការបើកសម័យប្រជុំសភា ដោយបន្ថែមថា រដ្ឋាភិបាលវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលដៅជាក់លាក់របស់ខ្លួន ក្នុងគោលបំណងសម្រេចបានកំណើនលើសពី ៨% សម្រាប់ឆ្នាំក្រោយៗ។
គួរឲ្យដឹងថា នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ GDP របស់វៀតណាម បានកើនឡើងដល់ ៧,៨៥% ស្របពេលធនគារពិភពលោក បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,៦% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថានឹងមាន ៦,៥%។
យ៉ាងណាមិញ លោក Chinh បានប្រាប់សភាថា៖ “សេដ្ឋកិច្ចវៀតណាមបានបង្ហាញឱ្យឃើញថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ ដោយស្ថិតនៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនលឿនសេដ្ឋកិច្ចបំផុតក្នុងពិភពលោក”។
មិនតែប៉ុណ្ណោះ លោក Chinh ក៏បាននិយាយផងដែរថា តម្លៃនៃពាណិជ្ជកម្មទំនិញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់ ៩០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើទោះបីជាពន្ធ ២០% របស់សហរដ្ឋអាមេរិកធ្វើឲ្យមានភាពយឺតយ៉ាវលើការនាំចេញ ជាពិសេសស្បែកជើង និងវាយនភណ្ឌក៏ដោយ៕

