វៀតណាម ដាក់គោលដៅកំណើនសេដ្ឋកិច្ច ១០% នៅឆ្នាំក្រោយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយនៅថ្ងៃទី២០ ខែតុលាថា រដ្ឋាភិបាលនឹងកំណត់គោលដៅសម្រាប់កំណើន GDP ដល់ទៅ ១០%​ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដោយអះអាងថាប្រទេសរបស់ខ្លួនបានបង្ហាញពីភាពធន់ បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ នេះ ត្រូវបានប៉ាន់ប្រមាណថានឹងមាន ៨% លោក Chinh បានប្រាប់ទៅក្នុងការបើកសម័យប្រជុំសភា ដោយបន្ថែមថា រដ្ឋាភិបាលវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលដៅជាក់លាក់របស់ខ្លួន ក្នុងគោលបំណងសម្រេចបានកំណើនលើសពី ៨% សម្រាប់ឆ្នាំក្រោយៗ។

គួរឲ្យដឹងថា នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ GDP របស់វៀតណាម បានកើនឡើងដល់ ៧,៨៥% ស្របពេលធនគារពិភពលោក បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,៦% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថានឹងមាន ៦,៥%។

យ៉ាងណាមិញ លោក Chinh បាន​ប្រាប់​សភា​ថា​៖ “សេដ្ឋកិច្ច​វៀតណាម​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ខាង​ក្រៅ ដោយ​ស្ថិត​នៅ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​លឿនសេដ្ឋកិច្ច​បំផុត​ក្នុង​ពិភពលោក”។

មិនតែប៉ុណ្ណោះ លោក Chinh ក៏បាននិយាយផងដែរថា តម្លៃនៃពាណិជ្ជកម្មទំនិញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់ ៩០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើទោះបីជាពន្ធ ២០% របស់សហរដ្ឋអាមេរិកធ្វើឲ្យមានភាពយឺតយ៉ាវលើការនាំចេញ ជាពិសេសស្បែកជើង និងវាយនភណ្ឌក៏ដោយ៕