កូឡុំប៊ី កោះហៅឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកទៅស្រុកវិញ ក្រោយភាពតានតឹងកើនឡើង

អន្តរជាតិ

រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសថាខ្លួនកំពុងកោះហៅឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក ត្រលប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានរិះគន់គ្នាទៅវិញទៅមកជុំវិញបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងការបរទេសកូឡុំប៊ី បាននិយាយកាលពីថ្ងៃទី២០ ខែតុលាថា ៖”​ឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំសហរដ្ឋអាមេរិក លោក Daniel Garcia-Pena ត្រូវបានកោះហៅ​ដោយប្រធានាធិបតី លោក Gustavo Petro សម្រាប់ការពិគ្រោះយោបល់ ហើយកំពុងស្ថិតនៅក្នុងទីក្រុង Bogota”។ ក្រសួងក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលកូឡុំប៊ី នឹងប្រកាសអំពីការសម្រេចចិត្តពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្នុងពេលឆាប់ៗខាងមុខ។

គួរឲ្យដឹងផងដែរថា ជុំវិញចំណាត់ការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែតុលា បានចោទប្រកាន់ទៅលើប្រធានាធិបតីលោក Petro ថាជាម្ចាស់គ្រឿងញៀន និងជំរុញឲ្យមានការផលិតគ្រឿងញៀនទ្រង់ទ្រាយធម។ លោក ត្រាំ ក៏បានស្នើឲ្យលោក Petro បិទកន្លែងផលិតគ្រឿងញៀន បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងធ្វើការវាដោយខ្លួនឯងតាមរបៀបដែលមិនទន់ភ្លន់នោះឡើយ។

បន្ថែមពីនេះ ប្រធានាធិបតីអាមេរិកអាមេរិក ក៏បានគំរាមបញ្ចាប់ការទូទាត់ និងការឧបត្ថម្ភធនធំដល់ប្រទេសកូឡុំប៊ី និងដាក់ពន្ធបន្ថែមលើទំនិញកូឡុំប៊ី ទៀតផង។

ជម្រាបជូនថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូឡុំប៊ីមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅតាមសមុទ្រការាបៀនកាលពីដើមខែកញ្ញា។ យោធា​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​បាន​វាយ​ប្រហារ​ទូក​ដឹក​គ្រឿង​ញៀន​ចំនួន​៧​គ្រឿង ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​៕​