ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង សម្រេចចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗ៣៦ ជាមួយវៀតណាម

អន្តរជាតិ

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong និងសមភាគីចិនលោក Xi Jinping បានធ្វើជាសាក្សីកាលពីថ្ងៃអង្គារក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ មានកិច្ចព្រមព្រៀងចំនួន ៤ ទាក់ទងនឹងបញ្ហានយោបាយ និងកិច្ចការបរទេស ដែលបានចុះហត្ថលេខារវាង​ក្រសួងការបរទេសនៃប្រទេសទាំង២ ខណៈ ៤កិច្ចព្រមព្រៀងទៀត ពាក់ព័ន្ធលើផ្នែកសន្តិសុខ និងការពារជាតិ បទប្រឆាំងឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងផ្នែកតុលាការជាដើម។

ចំណែកឯ កិច្ចព្រមព្រៀងចំនួន ២៤ទៀត គឺជាកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នៅថ្នាក់រដ្ឋាភិបាល និងក្រសួងរវាងប្រទេសទាំង២ ស្របពេលកិច្ចព្រមព្រៀងដែលសេសសល់ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចិន និងវៀតណាម។

បន្ថែមពីនោះ ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើការកសាងស្ពានឆ្លងទន្លេក្រហមនៅតំបន់ Bat Xat, Lao Cai, Vietnam-Basa, Yunnan, China ខណៈក្រសួងដឹកជញ្ជូនវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ជំនួយសម្រាប់ការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែនផងដែរ។

មិនតែប៉ុណ្ណោះ ពួកគេក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ធ្វើឱ្យវាក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើកម្រិតនិរន្តរភាពទៀតផង៕