ការជីកយករ៉ែ និងការរត់ពន្ធរ៉ែសំណប៉ាហាំងខុសច្បាប់ កំពុងធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ខាតបង់ទឹកប្រាក់អស់ប្រហែល ៣០ទៅ ៤០ទ្រីលានរូពី (១,៨ពាន់លានដុល្លារ ទៅ ២,៤ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី២០ ខែតុលា ដោយអំពាវនាវឲ្យមានសកម្មភាពបន្ថែម ដើម្បីរក្សាទុករ៉ែជាចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសឥណ្ឌូណេស៊ី។
យ៉ាងណាមិញ ក្នុងអំឡុងថ្លែងទៅក្នុងពិធីមួយ នៅពេលដែលអគ្គមេធាវី បានប្រគល់ទឹកប្រាក់ចំនួន ១៣ទ្រីលានរូពី ទៅឲ្យរដ្ឋាភិបាល ដែលរឹបអូសបានក្នុងសំណុំរឿងពុករលួយប្រឆាំងទៅនឹងក្រុមហ៊ុនប្រេងដូងចំនួនបី លោក Prabowo បាននិយាយថា អាជ្ញាធរក៏ចាំបាច់ត្រូវបន្តស៊ើបអង្កេតករណីប្រព្រឹត្តខុស នៅក្នុងវិស័យធនធានធម្មជាតិបន្ថែមទៀត ផងដែរ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងវិស័យធនធានធម្មជាតិរបស់ខ្លួន ដូចជារ៉ែសំណប៉ាហាំង និងប្រេងដូងជាដើម៕

