នាល្ងាចថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានទទួលស្វាគមន៍ លោក លីន ស៊ានរ៉ុង ប្រធានសមាគមវិនិយោគិនចិនមីននៅកម្ពុជា និងសហការីក្នុង «ជំនួបផ្គូផ្គងធុរកិច្ច និងពិសាភោជនាហារ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់នូវកាលានុវត្តភាពសម្រាប់ការផ្គូផ្គង និងពិភាក្សាធុរកិច្ចរវាងសមាជិក នៃសមាគមទាំងពីរ។

មុននឹងចាប់ផ្តើម អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានរំលេចពីសាវតារ នៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសមាគមទាំងពីរដើម្បីឈានទៅរកការរៀបចំជំនួបផ្សេងៗជាបន្តបន្ទាប់ទៀតទៅតាមវិស័យដែលមានសក្តានុពលរបស់សមាជិក នៃសមាគមនីមួយៗ។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានថ្លែងសុន្ទរកថា ស្វាគមន៍គណៈប្រតិភូសមាគមវិនិយោគិនចិនមីននៅកម្ពុជា ដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ដោយអ្នកឧកញ៉ា បានគូសបញ្ជាក់នូវការកកើត នៃទំនាក់ទំនងជាដៃគូរវាងស្ថាប័នទាំងពីរ តាមរយៈដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសៀមិន ខេត្តហ៊្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន នាអំឡុងខែកញ្ញាកន្លងមក ក្នុងបេសកកកម្មជំរុញ និងទាក់ទាញវិនិយោគ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សកិច្ចនេះ បានទទួលនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ នៃសមាគមវិនិយោគិនចិនមីននៅកម្ពុជា ព្រមទាំងមានរៀបចំនូវពិធីស្វាគមន៍ និងជំនួបធុរកិច្ច ជាពិសេសរហូតសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ផងដែរ។ ហេតុនេះហើយ ទើបលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានស្នើឱ្យមានការរៀបចំពិធីនាថ្ងៃនេះ ដើម្បីជាកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូ នៃវិនិយោគិនចិនមីននៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញវិញម្តង ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក លីន ស៊ានរ៉ុង បានថ្លែងថា លោក និងសហការីមានក្តីរំភើបយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃសមាគមឧកញ៉ាកម្ពុជា ដែលបានខិតខំខ្នះខ្នែងក្នុងការបង្កើត និងពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ហើយលោកមានសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីនៅថ្ងៃនេះ នឹងក្លាយជាឱកាសដ៏មានអត្ថប្រយោជន៍ដល់សមាជិកទាំងអស់អាចប្រាស្រ័យទាក់ទង និងស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីឈានទៅរកការចាប់ដៃគ្នាក្នុងសកម្មភាពពាណិជ្ជកម្មណាមួយដែលនឹងផ្តល់ផលដល់សមាជិក នៃស្ថាប័នទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកអង្គពិធីជាផ្លូវការ ដោយបានសង្កត់ធ្ងន់ថា កម្មវិធីនេះនឹងក្លាយជានិមិត្តរូប នៃការចងចាំ និងការបន្តកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងព្រមទាំងនាំមកនូវភាពជោគជ័យ និងការរីកចម្រើនទាំងអស់គ្នា។ លោកអ្នកឧកញ៉ា មានក្តីសង្ឃឹមថា តាមរយៈភាពជាដៃគូនៃសមាគមទាំងពីរ នឹងបើកឱកាសដល់សមាជិកទាំងអស់ អាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធលើសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតជាក់ជាមិនខាន។
សូមបញ្ជាក់ថា ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា សមាគមទាំងពីរបានឯកភាពពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងចិន ដោយផ្ដោតលើកិច្ចសហប្រត្តិការលើ៣ចំណុចសំខាន់ៗគឺ៖ ១)ការលើកកម្ពស់ធុរកិច្ច និងវិនិយោគ ២)ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច និង ៣)ការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាព៕





















