សហរដ្ឋអាមេរិក ផ្អាកចរចាពាណិជ្ជកម្មជាមួយកាណាដា ក្រោយលោក ត្រាំ មួម៉ៅក្តៅចិត្ត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសផ្អាកចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដាជាលើកទីពីរ នៅឆ្នាំនេះ ដោយសារតែលោកមិនពេញចិត្តទៅនឹងទង្វើរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៣ ខែតុលា លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖”​ ដោយសារតែអាកប្បករិយាមិនអាចទទួលយកបានរបស់ពួកគេ ការចរចាពាណិជ្ជកម្មជាមួយកាណាដានឹងត្រូវបញ្ចប់”។

ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដា បានរិះគន់ខ្លាំងៗជុំវិញពន្ធលើទំនិញរបស់អាមេរិក ដោយនិយាយថាទង្វើនេះបានបណ្តាលឲ្យបាង់បង់ការងារ និងសង្គ្រាមពាណិជ្ជកម្មកើតឡើង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ក៏បានប្រាប់ទៅកាន់សារព័ត៌មាន នៅថ្ងៃទី២៣ ខែតុលាផងដែរថា លោកនឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ចូលទីផ្សារប្រទេសរបស់លោកដោយអយុត្តិធម៌នោះលើយ ប្រសិនបើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យនោះ។

ជម្រាបជូនថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាមានភាពប្រែប្រួលខ្លាំងនៅឆ្នាំនេះ។ ដោយនៅដើមខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធនាំចូលលើទំនិញទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី៤ ខែមីនា។ លើកលែងតែថាមពលដែលត្រូវបង់ពន្ធ ១០% ផលិតផលផ្សេងទៀតពីកាណាដា និងម៉ិកស៊ិកត្រូវបង់ពន្ធ ២៥%៕