អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយ អនុប្រធាន អគ្គលេខាធិការ សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពិភាក្សាការងារលើការពង្រឹងទំនាក់ទំនងល្អ និងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងសកម្មភាពពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា ឱ្យកាន់តែមានភាពសកម្ម និងកាន់តែប្រសើរមួយកម្រិតថែមទៀត។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត និងសហការី និងបានប្រគល់តួនាទីជូន អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ជម្រាបជូនអំពីសាវតារ តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមដែលជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងមានសមាជិកប្រកបដោយសក្តានុពលជាបណ្ដុំធុរជននិងវិនិយោគិនធ្វើការវិនិយោគលើចម្រុះវិស័យ។
បន្ថែមលើនេះ អ្នកឧកញ៉ាបានលើកឡើងអំពីទំនាក់ទំនងធុរកិច្ច និងការវិនិយោគ រវាងកម្ពុជានិងឥណ្ឌា ដែលនាពេលកន្លងមកមានសកម្មភាពតែទៅលើវិស័យអប់រំ ទេសចរណ៍ សុខាភិបាល និងវប្បធម៌ ហើយសកម្មភាពធុរកិច្ចក្នុងវិស័យទាំងនេះមានកម្រិតមួយទាបនៅឡើយ។ អ្នកឧកញ៉ាមើលឃើញឥណ្ឌាជាប្រទេសមួយពោរពេញសក្តានុពលលើគ្រប់វិស័យ និងជាទីផ្សារដ៏ធំមួយជាមួយសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ ហេតុដូច្នេះ អ្នកឧកញ៉ាយល់ឃើញថា ប្រទេសទាំងពីរអាចធ្វើអ្វីបានច្រើនលើសពីនេះ តាមរយៈការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគដែលមានស្រាប់ឱ្យឈានខ្ពស់មួយកម្រិតទៀត និងចាប់ផ្ដើមជំរុញវិស័យអាទិភាពផ្សេងទៀតដែលជាតម្រូវការទីផ្សារនៃប្រទេសទាំងពីរ ដូចជា កសិ-ឧស្សាហកម្ម អាហារនិងភេសជ្ជៈ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការរៀបចំឱ្យមានជំនួបនាថ្ងៃនេះ និងគាំទ្រចំពោះការចែករំលែករបស់ អ្នកឧកញ៉ា ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងធុរកិច្ច សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញការយល់ស្របថា ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងឥណ្ឌា គឺពិតជានៅមានកម្រិតនៅឡើយ ដែលត្រូវមានចំណាត់ការក្នុងការជំរុញឱ្យមានភាពល្អប្រសើរជាងនេះ។ ហេតុដូច្នេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ពិតជាត្រូវការភាពជាដៃគូរវាងស្ថានទូត និងសមាគមក្នុងការរៀបចំឱ្យមានព្រឹត្តិការធុរកិច្ចនានា ដូចជា វេទិកាធុរកិច្ច បេសកកម្មជំរុញនិងទាក់ទាញវិនិយោគ ការផ្លាស់ប្ដូរទស្សនកិច្ចធុរកិច្ច សិក្ខាសាលា និងការផ្គូផ្គងធុរកិច្ច ជាដើម ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ លើសពីនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏នឹងផ្សព្វផ្សាយអំពីចំណុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជា ព្រមទាំងកៀរគរវិនិយោគិនឥណ្ឌាឱ្យមកសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
បន្ទាប់ពីកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយភាពស្និទ្ធស្នាល អ្នកឧកញ៉ា និង ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីរីករាយ និងផ្ដល់ការគាំទ្រទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងសមាគមក្នុងការជំរុញទំនាក់ទំនងធុរកិច្ច សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
សូមជម្រាបដែរថា សមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានសម្រេចចាប់ផ្តើមជាផ្លូវការនូវក្រុមប្រឹក្សាធុរកិច្ចរួមគ្នារវាងឥណ្ឌា-កម្ពុជា ឬ the India-Cambodia Joint Business Council (ICJBC) តាមរយៈពិធីសម្ពោធនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ព្រមទាំងកិច្ចសម្របសម្រួលនៃនាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPIIT)។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា-កម្ពុជា តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជននៃប្រទេសទាំងពីរ៕





















