កម្ពុជា និងជប៉ុន បានបើកជើងហោះហើរថ្មី (រាជធានីភ្នំពេញ និងតូក្យូ) ខណៈជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូនេះជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត ដ៏សំខាន់សម្រាប់ការជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត។

ពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើឡើងក្រោមអធិបតី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា, នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)ផងដែរ។

តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូង រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនហោះហើរ Air Cambodia លោក ហួត ហាក់ បានបញ្ជាក់ថា «ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ លោកចាត់ទុកថា ការចាប់ផ្តើមបើកបរសេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន។ វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។
តាមរយៈបណ្តាញហោះហើរថ្មីនេះ លោកបានរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជាទៅទស្សនាប្រទេសជប៉ុនផងដែរ។”
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត»។
សូមជម្រាបជូនថា ជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន៕


