ក្រុមហ៊ុនបន្ទះឈីបលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Intel កំពុងមានគម្រោងផ្លាស់ប្តូរប្រតិបត្តិការផ្គុំ វេចខ្ចប់ និងតេស្តសាកល្បង ពីរោងចក្ររបស់ខ្លួននៅប្រទេសកូស្តារីកា ទៅកាន់ប្រទេសវៀតណាម ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Kenneth Tse អគ្គនាយកក្រុមហ៊ុន Intel Products Vietnam (IPV) ក្នុងអំឡុងពេលកិច្ចប្រជុំធ្វើការជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc នៅឧទ្យានបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ (SHTP) កាលពីពេលថ្មីៗនេះ។
មិនតែប៉ុណ្ណោះ យោងតាមលោក Kenneth បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Intel កំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរយុទ្ធសាស្រ្តសកលរបស់ខ្លួន ដោយធ្វើការកែតម្រូវដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការផលិតកម្ម និងការប្រកួតប្រជែង។ ជាពិសេស ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកនេះ មានគម្រោងផ្លាស់ប្តូរសកម្មភាពផ្គុំ វេចខ្ចប់ និងសាកល្បងពីរោងចក្រនៅកូស្តារីការបស់ខ្លួន ទៅកាន់ប្រទេសវៀតណាមជំនួសវិញ។
គួរឲ្យដឹងថា កាលពីដើមខែនេះ ក្រុមហ៊ុន Intel បានចាប់ផ្តើមជ្រើសរើសបុគ្គលិកបន្ថែមនៅក្នុងប្រទេសវៀតណាមរហូតដល់ឆ្នាំ២០២៥ ជាចម្បងសម្រាប់អ្នកបច្ចេកទេសផលិតកម្ម។
ជម្រាបជូនផងដែរថា រោងចក្រ Intel នៅវៀតណាមបច្ចុប្បន្នគឺជាកន្លែងផ្គុំ និងសាកល្បងធំជាងគេរបស់ក្រុមហ៊ុន ដែលមានចំនួនជាង ៥០% នៃផលិតកម្មសរុប និងបង្កើតការងារជាង ៦ ០០០ កន្លែង។ រោងចក្រនេះ អនុវត្តបច្ចេកវិទ្យាថ្មី រួមទាំងខ្សែសង្វាក់ផលិតផលបន្ទះឈីប 18A ទំនើបបំផុតរបស់ក្រុមហ៊ុនផងដែរ៕

