ការលក់ជាសកលរបស់ Toyota នៅឆមាសទី១ កើនឡើងខ្លាំង ទោះបីរងពន្ធគយខ្ពស់របស់អាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍ពីការកើនឡើង ៤,៧% នៃការលក់ទូទាំងពិភពលោករបស់ខ្លួនសម្រាប់រយៈពេលខែមេសាដល់ខែកញ្ញា ដែលជំរុញដោយតម្រូវការរឹងមាំសម្រាប់រថយន្តកូនកាត់ Hybrid ទោះបីជាមានផលប៉ះពាល់នៃពន្ធគយខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោកគិតតាមបរិមាណបានលក់រថយន្តចំនួន ៥ ២៦៧ ២១៦ គ្រឿងក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំនេះ ដោយបន្តកំណត់ត្រាខ្ពស់បំផុត សម្រាប់ឆមាសទី១របស់ខ្លួន ជាលើកដំបូង។

ទន្ទឹមនឹងនេះ ផលិតកម្មសកលក៏បានកើនឡើង ៦% ផងដែរ ដល់ចំនួន ៤ ៩៨៥ ១២២ គ្រឿង ខណៈដែលទិន្នផលក្នុងស្រុកបានកើនឡើង ៣,៤% ដល់ ១ ៥៨៥ ៦២២ គ្រឿង។

ជម្រាបជូនថា តាមតំបន់ ការលក់នៅសហរដ្ឋអាមេរិកបានកើនឡើង ១១,៣% ដល់ ១ ២៩៥ ៦០៦ គ្រឿង ដោយសារតម្រូវការខ្លាំងសម្រាប់រថយន្តកូនកាត់ Hybrid។ ហើយចំពោះការលក់នៅក្នុងប្រទេសចិនបានកើនឡើង ៥,៥% ដល់ ៩១៤ ៣៤២ គ្រឿង ទោះបីជាមានការប្រកួតប្រជែងតម្លៃខ្លាំង និងការផ្លាស់ប្តូរទីផ្សារកាន់តែទូលំទូលាយទៅកាន់រថយន្តអគ្គិសនីក៏ដោយ៕​