អត្រាការប្រាក់នៅក្នុងប្រទេសជប៉ុន កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣១ឆ្នាំចុងក្រោយ

អន្តរជាតិ

នៅថ្ងៃទី១៦ មិថុនា ធនាគារកណ្តាលរបស់ប្រទេសជប៉ុន (BOJ) បានសម្រេចដំឡើងអត្រាការប្រាក់គោលរយៈពេលខ្លីរបស់ខ្លួនពី ០,៧៥% ដល់ ១% ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានអស់រយៈពេលជាយូរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនេះ បានកើតឡើងនៅពេលដែលប្រទេសជប៉ុន កំពុងតស៊ូជាមួយនឹងតម្លៃប្រាក់យ៉េនទន់ខ្សោយ និងការកើនឡើងនៃអតិផរណា ដែលមួយផ្នែកដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះជាលើកដំបូងហើយដែលធនាគារកណ្តាលជប៉ុន បានដំឡើងអត្រាការប្រាក់របស់ខ្លួន គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាលើកដំបូងក្នុងរយៈពេល ៣១ឆ្នាំដែលតួលេខនេះបានឈានដល់ ១%។

មុនកិច្ចប្រជុំរបស់ BOJ លោក Frederic Neumann ប្រធានសេដ្ឋវិទូប្រចាំអាស៊ីរបស់ធនាគារ HSBC បាននិយាយថា អភិបាល BOJ លោក Kazuo Ueda បានបង្ហាញពីការដំឡើងអត្រាការប្រាក់ដែលអាចកើតមាននៅក្នុងសុន្ទរកថាមួយកាលពីដើមខែនេះ។ នៅពេលនោះ លោក Ueda បានថ្លែងថា៖ “ផលប៉ះពាល់នៃតម្លៃប្រេងឆៅខ្ពស់ទំនងជាជំរុញឱ្យអតិផរណាស្នូលកើនឡើងលើសពីការរំពឹងទុក”។

ទន្ទឹមនឹងនេះ ប្រាក់យ៉េនខ្សោយក៏ជាហេតុផលមួយដែល BOJ ត្រូវដំឡើងអត្រាការប្រាក់របស់ខ្លួនផងដែរ។ នៅក្នុងខែឧសភា ធនាគារកណ្តាលជប៉ុន (BOJ) ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់ចំនួន ១១,៧ទ្រីលានយ៉េន (៧៣,៥ពាន់លានដុល្លារអាមេរិក) ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សារដើម្បីគាំទ្រដល់តម្លៃប្រាក់យ៉េន។ ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណនេះបានធ្លាក់ចុះម្តងទៀតថ្មីៗនេះ ដោយ ១ដុល្លារស្មើនឹងប្រមាណ ១៦០យ៉េន៕​