សម្តេចធិបតី ហ៊ុន ម៉ាណែត រំឭកដល់នាយករដ្ឋមន្រ្តីថៃជាថ្មីនូវការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាចំនួន ១៨រូប ឱ្យបានឆាប់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំឭកជាថ្មីនូវការអំពាវនាវដល់នាយករដ្ឋមន្រ្តីថៃឱ្យមានការដោះលែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់។

សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តីថ្លែងការណ៍នេះ គឺ ជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបាន ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមាន សារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវឱ្យមានការដោះ លែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ។ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕