កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ លោកបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។

ជាការឆ្លើយតប សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹងធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយគ្នានោះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។ សម្ដេចបានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគីរុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង៕