ទីបំផុត លោក ត្រាំ​ ជួបគ្នាផ្ទាល់ជាមួយលោក ស៊ី ជាថ្មីម្តងទៀត ក្រោយខកខានអស់ ៦ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបគ្នាហើយនៅប្រទេសកូរ៉េខាងត្បូង ដែលជាជំនួបទល់មុខគ្នាជាលើកដំបូងបំផុត រវាងមេដឹកនាំកំពូលៗទាំងពីរ​គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ បើតាមលោក ត្រាំ​​ ពីមុនបាននិយាយថា កិច្ចប្រជុំនេះត្រូវបានរំពឹងថានឹងមានរយៈពេល ៣-៤ ម៉ោង ដើម្បីដោះស្រាយបញ្ហានានា​ ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែវាមិនច្បាស់ទេថាតើមេដឹកនាំទាំងពីរនឹងធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះឬអត់។

គួរឲ្យដឹងថានេះគឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសអាស៊ីចំនួនបី ដែលធ្វើឡើងមុនពេលលោកវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។ ព្រឹត្តិការណ៍នេះក៏ជាលើកទីមួយផងដែរ ដែលមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរបានជួបគ្នាផ្ទាល់​គិតចាប់តាំងពីកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ក្នុងខែមិថុនា ឆ្នាំ២០១៩ មក។

ជម្រាបជូនថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបន្តកើនឡើងចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកសេតវិមានវិញក្នុងខែមករា។ ប្រធានាធិបតីអាមេរិកបានប្រកាសពីពន្ធបន្ថែម ១០០% លើទំនិញនាំចូលពីប្រទេសចិន ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅដើមខែក្រោយ។ ហើយចំពោះការផ្លាស់ប្តូរនេះ​ត្រូវបានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពីការគ្រប់គ្រងការនាំចេញថ្មីៗលើធនធានរ៉ែដ៏កម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធនៅក្នុងវិស័យអេឡិចត្រូនិច និងយោធា៕