ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានណែនាំដល់ប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួយជំរុញនីតិវិធីនានា ក្នុងការរៀបចំបែបបទជូនដល់មន្ត្រីដែលទើបប្រឡងជាប់ ជាពិសេសធ្វើយ៉ាងណាឱ្យការបើកប្រាក់បៀវត្ស ជូនទៅដល់មន្ត្រីថ្មីបានឆាប់រហ័ស។

ការណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ខាងលើនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងពិនិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំងប្រទេស តាមប្រព័ន្ធប្រជុំអនឡាញ។
ក្រោយពីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ កិច្ចប្រជុំក៏បានពិភាក្សាបន្ថែមទៀត ទៅលើការងារថ្មីៗដែលសម្រេចបានចំពោះមុខ ជាពិសេសការងារជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងការជ្រើសរើសមន្ត្រីសម្រាប់បម្រើការងារនៅថ្នាក់ក្រោមជាតិ។ ជាការចូលរួម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីការគិតគូរការងារជាអាទិភាពរបស់រាជរដ្ឋាភិបាល ទៅលើការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ដែលក្នុងពេលបច្ចុប្បន្នការជ្រើសរើសមន្ត្រីនៅថ្នាក់ក្រោមជាតិ មានចំនួនច្រើនជាងការជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅថ្នាក់ជាតិ។ ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីការជ្រើសរើស គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់គោលដៅចំនួន ៥ខេត្ត ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានណែនាំជាគោលការណ៍បន្ថែមទៀត ជាពិសេសក៏បានណែនាំទៅដល់ប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ក្នុងការចូលរួមសហការ និងសម្របសម្រួលនីតិវិធីនានា ក៏ដូចជាការរៀបចំបែបបទជូនដល់មន្ត្រីថ្មី ជាពិសេសធ្វើយ៉ាងណាឱ្យការបើកប្រាក់បៀវត្ស ជូនទៅដល់ពួកគាត់បានឆាប់រហ័ស និងបានសម្របសម្រួល ក្នុងការបំពេញការងារផ្សេងៗទៀតតាមគោលដៅ របស់បណ្តាខេត្តនីមួយៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ចំនួន ៥ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់សម្រាប់ការងារឆ្ពោះទៅមុខ ដូចជាការរៀបចំបែបបទជូនទៅដល់មន្ត្រីថ្មី, ការរៀបចំកិច្ចប្រជុំ ACCSM ACCSM+3, ការងារជំរឿនមន្ត្រី, ការរៀបចំអនុក្រឹត្យស្តីពី«ការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន» ក៏ដូចជា ការរៀបចំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមុតស្រួច ជាពិសេសការកែទម្រង់ផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ បន្ថែមទៀតផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលនៃការប្រឡងប្រជែង ដើម្បីបានជាប់និងក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា។ ជាលទ្ធផល បេក្ខជនចំនួន ៣,២១៣នាក់ បានជាប់ជាស្ថាពរ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តចំនួន០៥ ៖ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ៕





