រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុនរុស្ស៊ី ពង្រីកការវិនិយោគ និងពង្រឹងសេវាកម្ម ដើម្បីគាំទ្រវិស័យយានយន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរុស្ស៊ី ជាពិសេសក្រុមហ៊ុន GAZ Business Solutions បន្តពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ព្រមទាំងពង្រឹងសេវាកម្មក្រោយការលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ចម និម្មល បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីតាំងបង្ហាញ និងបើកបរសាកល្បងរថយន្តពាណិជ្ជកម្មរុស្ស៊ី GAZ» កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី ក្រុមហ៊ុន GAZ Business Solutions និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ការចាប់ដៃគូអាជីវកម្ម និងការពង្រីកវត្តមានរថយន្តពាណិជ្ជកម្មរុស្ស៊ីម៉ាក GAZ នៅក្នុងទីផ្សារកម្ពុជា ស្របពេលដែលតម្រូវការរថយន្តពាណិជ្ជកម្មនៅកម្ពុជាកំពុងមានការកើនឡើង។

លោកស្រីបញ្ជាក់ថា កម្មវិធីនេះក៏ជាការចូលរួមអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី និងឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមិត្តភាពរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរុស្ស៊ី ជាពិសេសក្រុមហ៊ុន GAZ Business Solutions បន្តពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ព្រមទាំងពង្រឹងសេវាកម្មក្រោយការលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាផងដែរ៕