កម្ពុជា បាននិងកំពុងបន្តខិតខំ ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន សំដៅឈានទៅផ្តល់ឱកាសការងារបានយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញជំនឿជាក់ដ៏មុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោកក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ លោកថា កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។
តាមរយៈវេទិការខាងលើ CDC បានបញ្ជាក់ដែរថា ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងកន្លងមក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤៕អត្ថបទ៖ហ្សាលីន

