រដ្ឋាភិបាល ប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំគាំទ្រចំពោះគម្រោងវិនិយោគសកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំគាំទ្រចំពោះគម្រោងវិនិយោគនៅកម្ពុជា សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើនដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងឱកាសចុះបំពេញទស្សនកិច្ចផ្ទាល់នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន YURA Harness (Cambodia) កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦  ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានបុគ្គលិក កម្មករ និយោជិត សរុបប្រមាណ ១១០០នាក់ កំពុងបម្រើការ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនដោយផ្ទាល់ទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាគណៈ.ប្រតិភូអមដំណើរនូវទិដ្ឋភាពរួមនៃ បច្ចុប្បន្នភាពដំណើរប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍកម្លាំងពលកម្ម សមត្ថភាពផលិតកម្ម និងទិសដៅក្នុងការពង្រីកទំហំវិនិយោគនាពេលអនាគត របស់ក្រុមហ៊ុន។

ឯកឧត្តមបន្តទៀតថា សកម្មភាពនៃការចុះទស្សនកិច្ចផ្ទាល់នេះ ជាសក្ខីកម្មឆ្លុះបង្ហាញថា ទោះបីជាកម្ពុជាព្យាយាមទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំគាំទ្រចំពោះគម្រោងវិនិយោគ ដែលកំពុងមានសកម្មភាពវិនិយោគ សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើនដោយចីរភាព និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។

គូររម្លឹកដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Dae Yeol Ohm អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YURA Corporation ដែលជាក្រុមហ៊ុនមេនៃ ក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd. ផងដែរ៕ អត្ថបទ៖ហ្សាលីន