យោងតាមវិទ្យាស្ថានស្រាវជ្រាវ Hurun បានរាយការណ៍ថា លោក Zhong Shanshan មហាសេដ្ឋីទឹកសុទ្ធ ទទួលបានតំណែងជាអ្នកមានបំផុតរបស់ប្រទេសចិនត្រលប់មកវិញហើយនៅឆ្នាំនេះ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៧៤,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Zhong ដែលកាន់កាប់លើក្រុមហ៊ុនផលិតទឹកសុទ្ធធំជាងគេរបស់ប្រទេស គឺ Nongfu Spring បានឈរនៅកំពូលតារាងជាអ្នកមានបំផុតក្នុងបញ្ជី Hurun China ជាលើកទីបួន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ លោក Zhang Yiming ដែលជាអ្នកមាបំផុតរបស់ចិន កាលពីឆ្នាំមុន បានធ្លាក់ចុះមកកាន់ចំណាត់ថ្នាក់ទីពីរវិញ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៦៥,៩ពាន់លានដុល្លារ។ ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok រូបនេះ បានឃើញទ្រព្យសរុបរបស់ខ្លួនកើនឡើង ៣៤% នៅឆ្នាំនេះ ដោយតាមពីក្រោយលោក Zhong ដែលកើនឡើងរហូតដល់ ៥៦% ។
ទន្ទឹមនឹងនេះ លោក Pony Ma ដែលជាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Tencent Holdings គឺឈរនៅចំណាត់ថ្នាក់លេខបី ជាមួយនឹងទ្រព្យសម្បត្តិ ៦៥,២ពាន់លានដុល្លារ ខណៈពេលដែលស្ថាបនិក្រុមហ៊ុនអាគុយ CATL លោក Robin Zeng ឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយទ្រព្យ ៤៦,៣ពាន់លានដុល្លារ។
ជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់លេខ៥ បានទៅលើលោក Lei Jun ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Xiaomi ដោយទ្រព្យសម្បត្តិរបស់លោក បានកើនឡើងដល់ ២៧,៥ពាន់លានដុល្លារ ឬ ១៥១% ធៀបទៅនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីផ្សេងទៀត៕

