លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប (ACE Group) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជួយទិញស្រូវពីកសិករខ្មែរចំនួន ១០០តោន ក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវស្ងួត ដើម្បីចែកជូនវីរៈកងទ័ពជួរមុខ។

តាមរយៈបណ្តាញសង្គម លោកជំទាវឧកញ៉ា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំ នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប សូមចូលរួមជួយកសិករខ្មែរយើង ដែលមានបំណង ចង់លក់ស្រូវ OM 54-51 និង ស្រូវស្រង៉ែ ចំនួន ១០០តោន ក្នុងតម្លៃ១គីឡូ ៨០០៛ សម្រាប់ស្រូវសើម និងស្រូវស្ងួត ក្នុងតម្លៃ១គីឡូ ១០០០៛ នៅវគ្គទី១ នេះ ដើម្បីចែកជូនបងប្អូនវីរៈកងទ័ពជួរមុខ ក្នុងម្នាក់ ចំនួន ២៥គីឡូ។ សូមទំនាក់ទំនងមកលេខ 077 821 453។ សូមអរគុណ”។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ តម្លៃស្រូវរបស់ប្រជាកសិករខ្មែរ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្វើឱ្យសាធារណៈជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ផ្ទុះការវែកញ៉ែកយ៉ាងខ្លាំងអំពីមូលហេតុពិតប្រាកដ ដែលមតិខ្លះថាមកពីឈ្មួញមួយចំនួនបានម៉ៅទិញផ្តាច់មុខនៅតាមបណ្តាខេត្ត និងមតិខ្លះថាមកពីពឹងតែលើទីផ្សារវៀតណាម ជាដើម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹងអំពីបញ្ហាស្រូវធ្លាក់ថ្លៃ និងការវែកញ៉ែកលើបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវវិធានការប្រែក្លាយការអាណិតអាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករ។ វិធានការទាំងនោះរួមមាន៖ រោងម៉ាសុីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ, ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់, ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី, អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាសុីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍៕




