ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងកូនៗ ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតគ្មានផ្ទះស្នាក់នៅសមរម្យ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានប្រកាសផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះវិហារចំនួន ១០២ នាក់ ដែលមិនទាន់ទទួលបាន ដី និងផ្ទះ។ សម្ដេចបានមានប្រសាសន៍ផ្ដល់អំណោយផ្ទះថ្មីនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះជួប និងសំណេះសំណាល ជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅខេត្តព្រះវិហារ។
អំណោយជាថវិកាក្នុងការសាងសង់ផ្ទះថ្មី ១០២ខ្នងនេះ រួមមានថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនចំនួន ៥២ ខ្នងផ្ទះ ចំណែក ៥០ ខ្នងផ្ទះទៀតគាំទ្រថវិកាសាងសង់ដោយឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា។ ចំពោះដំណើរការនៃការរៀបចំសាងសង់ផ្ទះថ្មីនេះ គឺទទួលខុសត្រូវដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជកម្ពុជា។
សូមជម្រាបថា ស្ថានភាពនៃការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តព្រះវិហារ បើយោងតាមរបាយការណ៍ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គិតត្រឹមខែ មិថុនា ឆ្នាំ២០២៦ ខេត្តព្រះវិហារ មានអតីតយុទ្ធជន និងនិវត្តជន សរុប ៣,១៥៥នាក់។ ចំណែកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតមានចំនួន ១០២ នាក់ ក្នុងនោះមានគ្រួសារដែលអត់ដី អត់ផ្ទះចំនួន ៧៣ នាក់ និងមានដី អត់ផ្ទះ ចំនួន ២៩នាក់។





