ជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសជួយទិញស្រូវពីកសិករខ្មែរចំនួន ១០០តោន ដើម្បីចែកជូនវីរៈកងទ័ពជួរមុខ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប (ACE Group) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជួយទិញស្រូវពីកសិករខ្មែរចំនួន ១០០តោន ក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់​ស្រូវ​ស្ងួត ដើម្បីចែកជូនវីរៈកងទ័ពជួរមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម លោកជំទាវឧកញ៉ា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំ នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប សូមចូលរួមជួយកសិករខ្មែរយើង ដែលមានបំណង ចង់លក់ស្រូវ OM 54-51 និង ស្រូវស្រង៉ែ ចំនួន ១០០តោន ក្នុងតម្លៃ១គីឡូ ៨០០៛ សម្រាប់ស្រូវសើម និងស្រូវស្ងួត ក្នុងតម្លៃ១គីឡូ ១០០០៛ នៅវគ្គទី១ នេះ ដើម្បីចែកជូនបងប្អូនវីរៈកងទ័ពជួរមុខ ក្នុងម្នាក់ ចំនួន ២៥គីឡូ។ សូមទំនាក់ទំនងមកលេខ 077 821 453។ សូមអរគុណ”។

សូមជម្រាបថា មួយរយៈចុងក្រោយនេះ តម្លៃស្រូវរបស់ប្រជាកសិករខ្មែរ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្វើឱ្យ​សាធារណៈជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ផ្ទុះការវែកញ៉ែកយ៉ាងខ្លាំងអំពីមូលហេតុពិតប្រាកដ ដែល​មតិ​ខ្លះ​ថា​មក​ពីឈ្មួញមួយចំនួនបានម៉ៅទិញផ្តាច់មុខនៅតាមបណ្តាខេត្ត និងមតិខ្លះថា​មកពីពឹងតែលើទីផ្សារវៀតណាម​ ជាដើម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹងអំពីបញ្ហាស្រូវធ្លាក់ថ្លៃ និង​ការ​វែក​ញ៉ែក​លើបណ្តាញសង្គម​ផងដែរ។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវវិធានការ​ប្រែក្លាយការ​អាណិត​អាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករ។ វិធានការ​ទាំង​នោះរួមមាន៖ រោងម៉ាសុីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ, ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់, ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី, អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាសុីន​ដៃគូដែលបានទិញស្រូវ​ពីកសិករនិងសហគមន៍៕