ក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់ដ៏ធំមួយលំដាប់ពិភពលោក បានបង្ហាញពីបំណងរបស់ខ្លួនដោយចង់ពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់ដែលមានសក្តានុពលនៅកម្ពុជា។

បំណងនេះ បានប្រាប់ទៅកាន់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅក្រុមហ៊ុនខាងលើ នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា កាលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យធំមួយនៅកម្ពុជា។

ជាមួយគ្នានេះ លោក ក៏បានគូសបញ្ជាក់ពីសក្តានុពលឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាបច្ច័យនាំឱ្យមានតម្រូវការខ្ពស់ ចំពោះគ្រឿងបង្គុំដែលមានគុណភាពរូចជា រ៉ូត, ឡេវ ជាដើម។ល។
បន្ថែមពីនោះ លោក ក៏លើកឡើងអំពីច្បាប់វិនិយោគ ដែលផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម (Backward Linkage) ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។ លោកបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK នៅកម្ពុជានឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។
ជាការឆ្លើយតប លោក Hugues Charbonneau ចាប់អារម្មណ៍ និងបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈលោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យនិងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតរបស់ខ្លួននៅកម្ពុជានាពេលខាងមុខផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន YKK Canada Inc. គឺជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់(រ៉ូត) ដ៏ល្បីល្បាញលើពិភពលោក និងមានប្រតិបត្តិការជាច្រើនឆ្នាំមកហើយ៕ អត្ថបទ៖ហ្សាលីន



