ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីរបស់អង់គ្លេសនឹងជួយបង្កើនការនាំចេញទំនិញមានគុណភាពទៅទីផ្សារអង់គ្លេស

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម មានការជឿជាក់ថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសដែលដាក់ឱ្យប្រើប្រាស់ថ្មីនេះក្រៅពីជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើង ប្រព័ន្ធថ្មីនេះនិងជួយបង្កើនការនាំចេញនូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេសថែមទៀតនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍កាលពីថ្ងៃទី២៨មីនា លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ មបានចាត់ទុកចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថាចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង៩៥ប្រទេស។

លោក សំហេង បូរ៉ា មានជំនឿយ៉ាងមុតមាំថា «ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស»។

យោងតាមក្រសួងពាណិជ្ជកម្មទំហំពាណិជ្ជកម្មសរុបទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៣,៩៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨ លានដុល្លារ។ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ ចំនួនប្រមាណ ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១ លានដុល្លារ។

សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ ១២១ លានដុល្លារហើយកម្ពុជាបាននាំចេញផលិតផលសំខាន់ៗមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិតផលដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម៕អត្ថបទ៖សារេត