ឧកញ៉ាបណ្ឌិត ត្រាំង លី ផ្តាំនិស្សិតខ្មែរចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៍ ប្រពៃណីជាតិខ្មែរ នៅលើឆាកអន្តរជាតិ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេសនៃសមាគម អ.ម.ត តំណាងលោក ឡាវ វ៉ាន់ ប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេសនៃសមាគម អ.ម.ត នាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតកម្ពុជាប្រមាណ ៩០នាក់ កំពុងសិក្សានៅក្រុងអ៊ូហាន់ ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសំណេះសំណាល លោកឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលសាលា CIA First International School បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីលោក ឡាវ វ៉ាន់ និងបានបង្ហាញពីក្ដីសោមនស្ស​ក្នុងដំណើរ​បេសកកម្ម ដោយទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យពីគុណវុឌ្ឍិ លទ្ធផលការសិក្សា និងសីលធម៌របស់និស្សិតកម្ពុជា ដែលនេះបានសបញ្ជាក់ពីភាពជោគជ័យរបស់និស្សិតកម្ពុជា ក្នុងតួនាទីជាទូតសុឆន្ទៈ តំណាងឱ្យប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានលើកទឹកចិត្តឱ្យនិស្សិតបន្តខិតខំសិក្សារៀនសូត្រ ត្រូវ​ចេះ​សាមគ្គីគ្នា និងចូលរួមផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិពីវប្បធម៌ អរិយធម៍ ប្រពៃណីជាតិខ្មែរ ជាពិសេសផ្សព្វផ្សាយ​ពីសុខសន្តិភាពនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕