ឧកញ៉ា វ៉ាន់ ឆារស៍ជួន ផ្តល់បទបង្ហាញទិដ្ឋភាពទូទៅរបស់ព្រលានយន្តហោះអន្តរជាតិតេជោ ដល់ក្រុមអ្នកផលិតមាតិកាទេសចរណ៍ ៣០០នាក់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ ដល់គណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីទស្សនកិច្ចនេះ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្នុងឱកាសកំពុងត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ  និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕