អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងតំណាងខាងវិស័យឯកជន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ឯកឧត្តម Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា៕











