ប្រទេសចិន មើលឃើញចំនួនមហាសេដ្ឋីខ្លួនកើនឡើងដល់ ៣២១ នាក់ កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង ៥,៦% ដល់ចំនួនសរុប ៣២១ នាក់ កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុនវិភាគទិន្នន័យ Altrata ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានបង្ហាញឲ្យដឹងទៀតថា ចំនួននេះ បានធ្វើឲ្យចិនក្លាយជាប្រទេសធំជាងគេទីពីរ ដែលមានមហាសេដ្ឋីច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនសរុប ១ ១៣៥ នាក់ គិតត្រឹមឆ្នាំមុន។

ប្រភពដដែលបានឲ្យដឹងទៀតថា មហាសេដ្ឋីចិនសរុបមានទ្រព្យសម្បត្តិប្រហែល ១,២៩ទ្រីលានដុល្លារ ខណៈមហាសេដ្ឋីអាមេរិកសរុបរួមបញ្ចូលគ្នាមានទ្រព្យសម្បត្តិ ៥,៧៤ទ្រីលានដុល្លារ។

ទន្ទឹមនឹងនេះ អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខបីដោយមានមហាសេដ្ឋី ១៨៤នាក់ បន្ទាប់មកគឺចក្រភពអង់គ្លេស និងរុស្ស៊ី ដែលទាំងមានចំនួនមហាសេដ្ឋី ១២៨នាក់ ដូចគ្នា។

ជម្រាបជូនផងដែរថា ចំនួនមហាសេដ្ឋីនៅលើសកលលោក បានកើនឡើង ៥,៦% ក្នុងឆ្នាំ២០២៤ ដើម្បីឈានដល់ចំនួនកំណត់ត្រាថ្មីមួយ ក្នុងចំនួន ៣ ៥០៨ នាក់ ជាមួយទ្រព្យសរុបកើនឡើង ១០,៣% ដល់ចំនួន ១៣,៤ទ្រីលានដុល្លារ៕​