លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនយក្សវៀតណាម Vingroup និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បានបន្តឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី៦៤ នៅលើពិភពលោកជាលើកដំបូង ដោយវ៉ាដាច់បុគ្គលល្បីៗឈ្មោះមួយចំនួន រួមទាំងអតីតភរិយារបស់លោក Jeff Bezos និងអតីតភរិយាលោក Bill Gates ផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក Vuong បានកើនឡើងដល់ ៣៤,៩ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% ពីចុងឆ្នាំមុន។
ជុំវិញការកើនឡើងនេះ បានធ្វើឲ្យលោក Vuong ឥឡូវនេះ មានទ្រព្យសម្បត្តិច្រើនជាងលោកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិក Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិ ៣២,២ពាន់លានដុល្លារ និងលោកស្រី Melinda French Gates អតីតភរិយារបស់លោក Bill Gates ស្ថាបនិក Microsoft ដែលមានទ្រព្យសម្បត្តិ ៣០ពាន់លានដុល្លារ រួមទាំងលោក Peter Thiel សហស្ថាបនិកក្រុមហ៊ុន PayPal ដែលមានទ្រព្យសម្បត្តិ ២៨,៩ពាន់លានដុល្លារ ផងដែរ។
កាលពីខែធ្នូ លោក Vuong បានវ៉ាដាច់មហាសេដ្ឋីបច្ចេកវិទ្យាចិន លោក Jack Ma ហើយកាលពីដើមខែនេះ លោកក៏បានដណ្តើមយកតំណែងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ពីមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ថែមទៀតផង។
ជម្រាបជូនថា លោក Vuong បានចូលក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ជាលើកដំបូងក្នុងឆ្នាំ២០១៣ ក្នុងចំណាត់ថ្នាក់ទី៩៧៤ នៅពេលដែលលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ៕

